Skip to content
Home » បក្សកុម្មុយនិស្ដកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាម

បក្សកុម្មុយនិស្ដកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាម

  • by

នៅក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ទោះបីបក្សកុម្មុយនីស្ដកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម ត្រូវប្រឈមមុខទល់នឹងសង្គ្រាមមួយដ៏កាចសាហាវយ៉ាងណាក៏ដោយ ហើយទោះបីបក្សទាំងពីរមិននិយាយជាចំហក៏ដោយ ក៏គេដឹងថា បក្សទាំងពីរបានខ្វែងគំនិតគ្នា និងទំនាស់គ្នាជាយូរមកហើយ ។ 

បើនិយាយតែត្រឹមក្រោយរដ្ឋប្រហារ ទំនាស់ចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ១៩៧០ ។ ពេលនោះនៅក្នុងកិច្ចសន្ទនាមួយជាមួយប៉ុល ពត ឡេយន់ អគ្គលេខានៃបក្សកុម្មុយនីស្តវៀតណាមបានស្នើឱ្យចាត់តាំងគណៈបញ្ជាការរួមមួយនៃកងកម្លាំងប្រដាប់អាវុធប្រទេសទាំងពីរនៅកម្ពុជា ។ ប៉ុល ពត មានការប្រុងប្រយ័ត្ន ហើយបានគេចដោយសម្អាងលេសថា គាត់ត្រូវទៅសួរមតិរបស់គណៈមជ្ឈឹមបក្សកុម្មុយនីស្ដកម្ពុជាសិន ។ ការពិតគឺគាត់គេចមិនឱ្យមានជាប់ចាត់តាំងអ្វីជាមួយបក្សកុម្មុយនីស្តវៀតណាមទេ ។ 

រឿងមួយទៀត ដែលនាំឱ្យមានទំនាស់គ្នា គឺកម្លាំងវៀតណាមខាងជើងបានចាត់តាំងរដ្ឋអំណាចភូមិឃុំ និងចាត់តាំងកងទ័ពខ្មែរឱ្យនៅក្រោមការគ្រប់គ្រងរបស់ខ្លួនសម្រាប់ឱ្យការពារផ្លូវដឹកជញ្ជូនរបស់ខ្លួន និងបម្រើយុទ្ធនាការរបស់ខ្លួននៅស្រុកខ្មែរ ។ នេះជាការរំលោភលើអធិបតេយ្យភាពរបស់ខ្មែរយ៉ាងជាក់ស្ដែងណាស់ ។ នេះហើយដែលបក្សកុម្មុយនីស្ដកម្ពុជាទទួលយកមិនបាន ។ ម្យ៉ាងទៀត នៅក្នុងក្របខ័ណ្ឌនៃការខិតខំប្រឹងប្រែងក្ដាប់កម្ពុជានេះដែរ វៀតណាមក៏បានត្បិតត្បៀតក្នុងការប្រគល់អាវុធ និងគ្រាប់រំសេវមកឱ្យខ្មែរក្រហម ។ 

ការពិត អាវុធ និងគ្រាប់រំសេវទាំងនោះជាជំនួយដែលចិនចែកមកឱ្យចលនាតស៊ូខ្មែរដាច់ដោយឡែកច្បាស់ ។ ឯជំនួយទៅឱ្យកម្លាំងតស៊ូវៀតណាមក៏មានដោយឡែកច្បាស់ ។ វៀតណាមគ្រាន់តែមានភារកិច្ចជួយដឹកជំនួយដែលត្រូវបានមកកម្លាំងតស៊ូកម្ពុជាមកប្រគល់ឱ្យម្ចាស់គេតែប៉ុណ្ណោះ ។ 

រឿងរ៉ាវទាំងអស់នេះហើយដែលនាំឱ្យអ្នកដឹកនាំខ្មែរក្រហម ដែលមិនទុកចិត្តអ្នកដឹកនាំវៀតណាមយូរមកហើយ រឹតតែមិនទុកចិត្តថែមទៀត ។ ក្នុងការតស៊ូប្រឆាំងសត្រូវរួមបក្សកុម្មុយនីស្ដកម្ពុជាយល់ស្របសាមគ្គីជាមួយវៀតណាម ។ នៅក្នុងក្រមខ័ណ្ឌសាមគ្គីនេះ កម្លាំងតស៊ូវៀតណាមអាចមកជ្រកនៅក្នុងទឹកដីកម្ពុជាបាន អាចទិញស្បៀង ថ្នាំសង្កូវ និងអ្វីៗសព្វសារពើផ្សេងៗទៀត ដែលកងទ័ពវៀតណាមត្រូវការចាំបាច់នៅកម្ពុជា ។ ប៉ុន្ដែ វៀតណាមត្រូវគោរពអធិបតេយ្យភាពកម្ពុជា ។ 

នៅពេលអប់រំកម្មាភិបាល អ្នកដឹកនាំបក្សកុម្មុយនីស្ដកម្ពុជាពន្យល់ថា ៖ “យើងជាប្រទេសពីរ ជាតិពីរ ដូច្នេះ សមមិត្តវៀតណាមត្រូវទទួលស្គាល់ថា មានបក្សពីរ កងទ័ពពីរ រដ្ឋអំណាចអធិបតេយ្យពីរផ្សេងគ្នា” ។ “កម្លាំងតស៊ូវៀតណាម ត្រូវទៅប្រយុទ្ធនៅវៀតណាមខាងត្បូង ទុកឱ្យកម្លាំងតស៊ូកម្ពុជា តស៊ូដោយឯករាជ្យម្ចាស់ការនៅកម្ពុជា ។ ការចាត់តាំងកងទ័ពក៏ដូចជាការចាត់តាំងរដ្ឋអំណាចគ្រប់ថ្នាក់ គឺជាអធិបតេយ្យភាពរបស់កម្ពុជា ។ ដូច្នេះសមមិត្តវៀតណាមត្រូវប្រគល់កងទ័ពដែលខ្លួនចាត់តាំងហើយនោះមកឱ្យកម្ពុជាវិញ” ។ 

សរុបទៅ ក្នុងសង្គ្រាមពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ កម្ពុជាបានត្រូវមហាយក្សធំៗជាគូសត្រូវនឹងគ្នាក្នុងសង្គ្រាមវៀតណាមញាំញីហែកហួរយ៉ាងនេះ ។ ពេលនោះប្រទេសយើងស្ថិតនៅចំចំណុចមួយដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រខ្លាំងណាស់ចំពោះគូទំនាស់ទាំងសង្ខាងនៃសង្គ្រាមវៀតណាម ៖ អ្នកណាដណ្ដើមកម្ពុជាបាន អ្នកនោះឈ្នះសង្គ្រាម ។ 

គិតសព្វៗទៅ អ្នកដឹកនាំវៀតណាមដែលនិយាយហើយនិយាយទៀតថា ៖ ប្រទេសឥណ្ឌូចិនទាំងបីជាសមរភូមិប្រយុទ្ធតែមួយ នោះមិនខុសទេ ក្នុងន័យថាបើកម្ពុជារបូតពីកណ្ដាប់ដៃវៀតណាម ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃអាម៉េរិកនោះច្បាស់ជាកម្លាំងតស៊ូវៀតណាមអត់ដីជ្រក ហើយត្រូវខ្ទេចខ្ទី ។ នេះហើយដែលជាការគិតគូរព្រួយបារម្ភជាប់ជានិច្ចរបស់អ្នកដឹកនាំវៀតណាមពេលនោះ ។ នៅគ្រប់តែពេលដែលសង្គ្រាមនៅវៀតណាមកាន់តែតឹងតែងឡើង ការព្រួយបារម្ភនេះកាន់តែខ្លាំងថែមជានិច្ច ។ 

ដូច្នេះ ការដែលអ្នកដឹកនាំវៀតណាមគិតយ៉ាងនេះ ហើយបានខិតខំប្រើគ្រប់វិធីដើម្បីក្ដាប់ក្ដោបកម្ពុជាយ៉ាងនេះមិនមានអ្វីគួរឱ្យងឿងឆ្ងល់ទេពេលនោះ ។ ប៉ុន្ដែ ការដែលអ្នកដឹកនាំបក្សកុម្មុយនីស្ដកម្ពុជាប្រតិកម្មវិញក៏មិនត្រូវមានអ្វីគួរឱ្យងឿងឆ្ងល់ដែរ ។ គឺបក្សកុម្មុយនីស្ដកម្ពុជាត្រូវប្រយុទ្ធ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ។ 

ដូច្នេះ ម្យ៉ាងបក្សកុម្មុយនីស្ដកម្ពុជាត្រូវប្រឈមមុខទល់នឹងសង្គ្រាមជាមួយលន់ នល់ វៀតណាមខាងត្បូង និងអាម៉េរិក តែព្រមជាមួយគ្នានេះ ក៏ត្រូវប្រឈមមុខទល់នឹងកម្លាំងវៀតណាមខាងជើងទៀត ។ នេះហើយដែលខ្ញុំ(ខៀវ សំផន) បានឃើញថា ជាការលំបាកតឹងតែងជាទីបំផុតទាក់ទងដល់អាយុជីវិតជាតិកម្ពុជាទាំងមូល ។ 

ដកស្រង់ពីសៀវភៅ៖ ប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះ និងគោលជំហររបស់ខ្ញុំជាបន្តបន្ទាប់ ដោយលោកខៀវ សំផន។

Leave a Reply

Your email address will not be published. Required fields are marked *