កុំគិតតែពីខំរកលុយទុកឲ្យកូន

ច្បាស់ណាស់មនុស្សតែងតែស្រឡាញ់កូនចៅរបស់ខ្លួន និងចង់ឃើញពួកគេមានអនាគតល្អ រស់នៅដោយសុខសាន្ត និងថ្លៃថ្នូរ។ តែសំណួរសួរថាតើធ្វើយ៉ាងណាដើម្បីឲ្យពួគេមានអនាគតល្អ និងរស់នៅដោយសុខសាន្ត?

ច្បាស់ណាស់ថាការរកលុយតែមួយមុខដើម្បីទុកឲ្យពួកគេគឺមិនអាចរកភាពសុខសាន្តឲ្យពួកគេបានទាំងស្រុងទេ។ តួនាទីរបស់ឪពុកម្តាយសំខាន់មិនមែនត្រូវរកទ្រព្យសម្បត្តិទុកឲ្យកូនទេ តួនាទីសំខាន់មានដូចខាងក្រោម៖

ក. ផ្តល់គ្រឹះក្នុងការគិតពិចារណាដល់ពួកគេ

ការគិត បង្កើតបានជាសកម្មភាព ហើយសកម្មភាពបង្កើតបានជាលទ្ធផល។ ដូច្នេះការផ្តល់ជាគ្រឹះ ឬមូលដ្ឋានក្នុងការគិតពិចារណាដឹងខុស ដឹងត្រូវជារឿងសំខាន់ណាស់។ មិនមែនរឿងដែលមនុស្សក្នុងសង្គមភាគច្រើនគិតថាត្រូវ សុទ្ធតែជារឿងត្រូវ ហើយមិនមែនរឿងដែលមនុស្សក្នុងសង្គមភាគច្រើនគិតថាខុស សុទ្ធតែជារឿងខុសនោះទេ។ ការបែងចែកខុសឬត្រូវផ្អែកលើការត្រិះរិះពិចារណាដោយខ្លួនឯងប្រកបដោយបញ្ញា។ ការផ្តល់គ្រឹះក្នុងការពិចារណា មានន័យថាផ្តល់បញ្ញា!

ខ. បង្រៀនឲ្យពួកគេរឹងមាំដើម្បីអាចជួយអ្នកទន់ខ្សោយ

អ្នកមិនគួរប្រាប់ពួកគេថា កូនត្រូវខំ បើមិនដូច្នោះទេ ជីវិតកូននឹងលំបាកដូចពួកគេអ៊ីចឹង ផ្ទុយទៅវិញអ្នកត្រូវប្រាប់កូនរបស់អ្នកថា កូនត្រូវខំ នោះកូននឹងអាចជួយពួកគេបាន។ ការបណ្តុះផ្នត់គំនិតបែបនេះដល់ពួកគេនឹងធ្វើឲ្យពួកគេវៀចាកពីភាពអាត្មានិយម និងរស់នៅដើម្បីជួយអ្នកដែលទន់ខ្សោយជាងខ្លួន។

គ. ចូលរួមកសាងសង្គមសម្រាប់ល្អសម្រាប់ពួកគេរស់នៅ

សូមកំភ្លេចថា ទោះអ្នកមានទ្រព្យសម្បត្តិមហាសាលយ៉ាងណាទុកឲ្យកូនក៏ដោយ ពេលពួកគេធំឡើងពួកគេនឹងទៅរស់នៅក្នុងសង្គម។ បើសង្គមនោះជាសង្គមមិនល្អ សង្គមអនាធិបតេយ្យ ប្រជាជនខ្វះវិន័យ មនុស្សមិនគោរពច្បាប់ បរិស្ថានកខ្វក់ តើកូនអ្នកនឹងរស់នៅដោយមានក្តីសុខ និងថ្លៃថ្នូរបានទេ? ច្បាស់ណាស់គឺមិនបានទេ ពិសេសពេលពួកគេចេញទៅក្រៅប្រទេស ពួកគេមិនអាចផ្តាច់ភាពថ្លៃថ្នូររបស់ខ្លួនចេញពីតថភាពសង្គមដែលពួកគេរស់នៅបានទេ។ 

ដោយ៖ កូនក្របីខ្មៅ

ចែករំលែក