តើហេតុអ្វីត្រូវស្គាល់ប្រវត្តិជាតិរបស់ខ្លួន?

ប្រវត្តិសាស្ត្ររបស់ប្រជាជាតិមួយពិតជាសំខាន់ណាស់។ មានហេតុផលច្រើនរាប់មិនអស់ដែលប្រជាជននៃប្រជាជាតិមួយត្រូវស្គាល់ប្រវត្តិសាស្ត្រជាតិខ្លួន។ ខាងក្រោមជាហេតុផលមួយចំនួន៖

ក. ស្គាល់អត្តសញ្ញាណជាតិខ្លួនដែលខុសពីជាតិសាសន៍ដទៃ
មានកត្តាជាច្រើនដែលកំណត់ជាតិសាសន៍មួយឲ្យដាច់ចេញពីជាតិសាសន៍ផ្សេង ហើយបង្កើតបានជាអត្តសញ្ញាណរបស់ជាតិសាសន៍នោះ។ ប្រវត្តិសាស្រ្តជាការកត់ត្រានូវរាល់ទង្វើដូនតា និងព្រឹត្តិការណ៍ផ្សេងដែលបានកើតឡើងចំពោះជាតិសាសន៍មួយទាំងល្អ ទាំងអាក្រក់។ ការស្គាល់ និងយល់រឿងរ៉ាវទាំងនោះពិតជាមានសារសំខាន់ណាស់ ហើយវាអាចបកស្រាយបានថាហេតុអ្វីបានជាមានជាតិសាសន៍មួយកើតឡើង ហើយក្នុងស្ថានភាពបែបនេះ។

ខ. យល់ដឹងឬសគល់នៃវិបត្តដែលបានកើតឡើងពីអតីតកាល
ច្បាស់ណាស់គ្រប់ជាតិសាសន៍តែងតែមានរឿងរ៉ាវ ឬវិបត្តិដែលបានកើតឡើងក្នុងអតីតកាលដែលបានបង្ករជាភាពសោកសង្រេង ខ្មោចផ្សា។ ការយល់ដឹងពីឬសគល់នៃវិបត្តទាំងនោះនឹងបង្កើតជាភាពម្ចាស់ការលើជោគវាសនាជាតិសាសន៍ខ្លួនប្រកបដោយ ប្រាកដនិយមឬសគល់នៃវិបត្តិពេលខ្លះវាពាក់ព័ន្ធរវាងបុគ្គល និងបុគ្គល រវាងប្រទេសនឹងប្រទេស រវាងវប្បធម៌នឹងវប្បធម៌ ឬដោយសារមហិច្ឆិតានយោបាយពង្រីកទឹកដី និងកត្តាផ្សេងទៀត។ ក្នុងនាមជាជាតិសាសន៍មួយត្រូវស្គាល់ថាភាពសោកសង្រេងនៃអតីតកាលជា ផល ដូចច្នេះអ្នកត្រូវស្វែងរកហេតុពិតឲ្យឃើញ។

គ. ទប់ស្កាត់គ្រោះមន្តរាយដែលបានកើតឡើងក្នុងអតីតកាលកុំឲ្យកើតឡើងវិញ
ពេលប្រជាជននៃជាតិសាសន៍មួយស្គាល់ប្រវត្តិសាស្ត្រខ្លួន ស្គាល់ឬសគល់នៃវិបត្តិ និងអ្នកបង្កវិបត្តិដល់ជាតិសាសន៍ខ្លួននោះពួកគេនឹងចូលរួមការពារមិនឲ្យមានការត្រឡប់មកវិញនៃវិបត្តិនោះ ទោះជាក្នុងរូបភាពចាស់ ឬរូបភាពថ្មីក៏ដោយ។

ឃ. អាចមើលឃើញការតភ្ជាប់គ្នារវាងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល
អ្នកដឹងច្បាស់នូវប្រវត្តិសាស្ត្រជាតិរបស់ខ្លួន អ្នកនឹងមើលឃើញដោយខួរក្បាលអ្នកថាហេតុអ្វីបានជាជាតិសាសន៍មួយមានបច្ចុប្បន្នកាលបែបនេះ ហើយអនាគតអាចនឹងទៅជាយ៉ាងណា។ អតីតកាលបង្កើតបច្ចុប្បន្នកាល បច្ចុប្បន្នកាលបង្កើតអនាគតកាល ហើយមនុស្សបង្កើតគ្រប់កាល!

ដោយ៖ កូនក្របី

Khmer history
ចែករំលែក